បណ្ដាញសារព័ត៌មានរដ្ឋរបស់ចិនបានរាយការណ៍ថា
ចិនបានបញ្ចូនយន្តហោះចម្បាំងច្រើនគ្រឿងទៅដែនអាកាសថ្មីរបស់ខ្លួនដែលទើបប្រកាសនៅសមុទ្រចិនខាងកើត។ដែនអាកាសដ៏ធំដែលបានប្រកាសកាលពីសប្ដាហ៍កន្លងទៅនេះគ្របដណ្ដប់លើទឹកដីដែលត្រូវបានអះអាងយកដោយ
ចិន ជប៉ុន តៃវ៉ាន់ និងកូរ៉េខាងត្បួង។
ចិនបានប្រកាសថា
គ្រប់យន្តហោះដែលឆ្លងកាត់តំបន់នេះត្រូវជូនដំណឹងពីជើងហោះហើរ
និងអត្ត សញ្ញាណរបស់ខ្លួន បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹងវិធានការបន្ទាន់ណាមួយ។
ប៉ុន្តែជប៉ុន កូរ៉េខាងត្បូង និងអាមេរិក
សុទ្ធតែបានបើកយន្តហោះចម្បាំងឆ្លងកាត់តំបន់នេះរួចមកហើយក្រោយការប្រកាស។
ជម្លោះថ្មីនៅក្នុងតំបន់ដែលកំពុងមានភាពតានតឹងស្រាប់នេះបានធ្វើឱ្យមានក្ដីព្រួយបារម្ភដែលអាចនឹងបង្កឱ្យមានបញ្ហាកាន់តែធំនឹងឈានដល់ការប៉ះទង្គិចផ្នែកយោធាជាយថាហេតុ។
បណ្ដាញព័ត៌មានរដ្ឋចិន ស៊ីនហួរ
បានដកស្រង់សម្ដីអ្នកនាំពាក្យទ័ពអាកាសលោកវរសេនីយ៍ កូល ស៊ិន ជីង ថា
យន្តហោះចម្បាំងជាច្រើនគ្រឿង និងយន្តហោះប្រកាសអាសន្នត្រូវបានបញ្ជូនទៅពង្រាយដើម្បីល្បាតតាមទម្លាប់ជា
វិធានការការពារ និងស្របជាមួយការអនុវត្តរបស់អន្តរជាតិ។
លោកបានបញ្ជាក់ថា
ទ័ពអាកាសរបស់ចិននឹងពង្រឹងការយកចិត្តទុកដាក់ខ្ពស់
ហើយនឹងចាត់វិធានការដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកអាកាសដើម្បីការពារសន្តិសុខជាតិ៕
ប្រភព៖ BBC