ភ្នំពេញ៖ បណ្ឌិតអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី១វិច្ឆិកាឆ្នាំ២០១៣បានកសាង “ផែនការសកម្មភាព” ចំនួន១០ចំណុចដាក់ស្នើទៅ សម្ដេចតេជោវិញដើម្បីយកមកអនុវត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ កៀរគរចំណូលគយ ពង្រឹងការបង្រា្កបអំពើរត់ពន្ធនិងពង្រឹងអភិបាលកិច្ចអង្គភាពគយ ឡើងវិញ ។
” ផែនការសកម្មភាព” ចំនួន១០ចំណុចដែល នឹងត្រូវយកទៅអនុវត្តនោះមាន៖
ទីមួយៈពង្រឹងប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីគយ គឺពង្រឹងការត្រួតពិនិត្យទំនិញ ការបង់ពន្ធ ការដឹកជញ្ជូននិងការលុបបំបាត់ចំណាយក្រៅផ្លូវការ ។ ទីពីរៈកែសម្រួល ធនធានមនុស្សគឺនឹងពិនិត្យកែសម្រួលជាបន្ទាន់ជាពិសេសមន្ត្រីពាក់ព័ន្ធ នឹង ការបង្ក្រាបអំពើរត់គេចពន្ធនៅដើមទី កណ្ដាលទី និងចុងទី បន្ទាប់ពីរដ្ឋាភិបាលបាន សម្រេចផ្លាស់ប្តូរអតីតប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបអំពើ រត់ពន្ធចេញរួចមក ។ ទីបីៈចេញបទប្បញ្ញត្តិបន្ថែមៈ គឺដើម្បីរំលឹកនិងជំរុញអនុវត្តក្រមសីលធម៌គយ ជាពិសេសពាក់ព័ន្ធនឹងវិសមភាពការងារគយ ការមិនធ្វើខ្នងបង្អែកឲ្យជនល្មើសនិងការបំពេញភារកិច្ចដោយសមធម៌ចំពោះ គ្រប់ធុរជនដោយយកច្បាប់ជាស្នូល,មិនរើសអើងបក្ខពួកសាច់ញាតិ ជាពិសេសពាក់ព័ន្ធនឹងការផ្តល់ប្រព្រឹត្តិកម្មត្រួតពិនិត្យតាមនីតិវិធី គយ ។ ទីបួនៈពង្រឹងការទទួលខុសត្រូវ ការលើកទឹកចិត្ត និងការដាក់ទណ្ឌកម្មមន្ត្រីគយដោយកិច្ចការនេះត្រូវធ្វើជាប្រចាំ ។ ទីប្រាំៈកំណត់មាត់ច្រកសម្រាប់ទំនិញប្រទេសទី៣ដែលដឹកឆ្លងកាត់ ប្រទេសជិតខាងចូលតាមផ្លូវគោកអនុញ្ញាតតែទីតាំងណាអាចគ្រប់គ្រងបាន មានម៉ាស៊ីនស្កែនឬមានទីលានត្រួតពិនិត្យ ។ ទីប្រាំមួយៈកំណត់ មុខសញ្ញាហានិភ័យពាក់ព័ន្ធៈ រួមមានម្ចាស់ទំនិញ ជើងសាគយ ក្រុមហ៊ុនដឹកជញ្ជូន ប្រភពនិងទំនិញមានហានិភ័យខ្ពស់តាមមាត់ច្រកនាំចូលនីមួយៗ ដែលជា កម្មវត្ថុនៃការបង្ការនិងបង្ក្រាបនៅដើមទី កណ្ដាលទីនិងចុងទី ។ ទីប្រាំពីរៈពង្រឹងកិច្ចសហការគយជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ ន្ធៈត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ ។ ទីប្រាំបីៈពង្រឹងកិច្ចសហការ ជាមួយសមភាគីគយប្រទេសជាមិត្តៈអនុវត្តអនុស្សរណៈ ដែលមានជាធរមាន ជាពិសេសពាក់ព័ន្ធនឹងការផ្លាស់ប្តូរពត៌មានគ្នាលើទំនិញឆ្លងកាត់ ។ ទី ប្រាំបួនៈការចុះមូលដ្ឋានរបស់ថ្នាក់ដឹកនាំមានសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ គឺត្រូវធ្វើជាប្រចាំជាពិសេសមូលដ្ឋាន ដែលមានភាពអសកម្មកើតឡើង ។ ទីដប់ៈជំរុញការចូលរួមរបស់វិស័យឯកជន នុងការបង្ក្រាបអំពើរត់ពន្ធៈ រួមមានការរៀបចំវេទិកាប្រជុំ យន្តការភាពជាដៃគូគយនិងផ្នែកឯកជនជាបន្ទាន់ ដើម្បីដោះស្រាយកង្វល់នានា របស់ធុរជនពាក់ព័ន្ធនឹងការងារគយនិងចាត់ចែងបង្កើតប្រអប់តវ៉ាគយតាម ទីតាំងសមស្របមួយចំនួន បង្កភាពងាយស្រួលដល់ធុរជនក្នុងការតវ៉ា ។
មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យ ដឹងថា “ផែនការសកម្មភាព” ទាំង១០ចំណុច ខាងលើនេះ ទទួលបានគាំទ្រនិងយល់ស្របពីសម្តេចតេជោ ហ៊ុនសែន រួចហើយកាលពីដើមខែនេះ ហើយក្រសួងនិងអគ្គនាយកដ្ឋានគយនឹងរៀបចំផែនការប្រតិបត្តិតាមចំណុច នីមួយៗ រួចនឹងមានធ្វើរបាយការណ៍ជូន សម្ដេចជាន្តបន្ទាប់និងទៀងទាត់ ។ ដូច្នេះក្នុងរយៈពេល៦០ថ្ងៃនេះក្រសួងនិងអគ្គនាយកដ្ឋានគយនឹង “តម្រឹម” អំពើពុករលួយ របស់គយ(ដែលកន្លងមកជិះសេះលែងដៃ)ឲ្យខាងតែបាន ដើម្បីពង្រឹងប្រសិទ្ធភាពការងារកៀរគរចំណូលគយ ពង្រឹងការបង្រា្កបអំពើរត់ពន្ធ និងពង្រឹងអភិបាលកិច្ចអង្គភាពគយឡើងវិញ ៕