ទំព័រ The Weather Space បង្ហើបឱ្យដឹងថា ទ័ពអាកាសអាមេរិក ធ្លាប់បានសាកល្បងបង្កើតខ្យល់កំបុតត្បូង នៅរដ្ឋ Oklahoma។ ប៉ុន្ដែអាមេរិកបានបដិសេធព័ត៌មាននេះ។
Natural News ទើបបានបង្ហាញអាថ៌កំបាំង ស្ដីអំពីការដែលអាមេរិក អភិវឌ្ឍកម្មវិធីអាវុធ ដែលមានឈ្មោះថា HAARP (High Frequency Active Auroral Research Program)។ កម្មវិធីនេះអាចបង្កើតទំនាក់ទំនងដោយរលកវិទ្យុ ក្នុងគំលាតដ៏ឆ្ងាយ យោងទៅលើស្រទាប់អាកាស ionosphere ដើម្បីតភ្ជាប់បណ្ដាសកម្មភាពនៃកងទ័ពអាមេរិក នៅទូទាំងពិភពលោក។
ស្ថានភាពអាកាសធាតុនៅលើដី អាស្រ័យភាគច្រើនទៅលើស្រទាប់អាកាស ionosphere។ នៅពេលប្រសិនមនុស្សបានដឹងអំពីការផ្លាស់ប្ដូរនៅស្រទាប់ ionosphere នោះយើងនឹងអាចគ្រប់គ្រងនិងធ្វើការផ្លាស់ប្ដូរអាកាសធាតុនៅលើដី។ កម្មវិធី HAARP ប្រើប្រាស់ម៉ាស៊ីនបញ្ចេញរលកវិទ្យុកម្រិតខ្ពស់ បញ្ជូនរលកសញ្ញា ទៅក្នុងស្រទាប់ ionosphere ដើម្បីសិក្សាអំពីការផ្លាស់ប្ដូររបស់វា។
របាយការណ៍មួយពីប្រទេសរុស្ស៊ី ឱ្យដឹងថា ៖ “អាមេរិក កំពុងធ្វើការពិសោធទ្រង់ទ្រាយធំជាងមុនដោយប្រើកម្មវិធី HAARP ដើម្បីបង្កើតអាវុធអាកាសធាតុ (Climatic Warfare) ដែលអាចកំទេចរាល់សកម្មភាពទំនាក់ទំនងដោយរលកវិទ្យុ នឹងឧបករណ៍នៅលើយានអវកាស ផ្កាយរណប កាំជ្រួចបង្កផលប៉ះពាល់ដល់ប្រព័ន្ធអគ្គីសនីនៅលើដី ក៏ដូចជាប្រព័ន្ធបង្ហូរប្រេង និងឧស្ម័ន”។
ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា កម្មវិធី HAARP នេះ មានសមត្ថភាពបង្កើតខ្យល់ព្យុះ រាំងស្ងួត ទឹកជំនន់ ធ្លាក់ព្រិល ក្នុងបំណងដាក់សម្ពាធលើសត្រូវ។
បើទោះជាកម្មវិធី HAARP នៅតែជាអាថ៌កំបាំងមួយ ប៉ុន្ដែកងទ័ពអាមេរិក ធ្លាប់បានប្រើប្រាស់ប្រភេទអាវុធអាកាសធាតុ ក្នុងសង្គ្រាមវៀតណាម និងឡាវ។ ចាប់ពីខែមិនា ឆ្នាំ១៩៦៧ ដល់ខែកក្កដា ឆ្នាំ១៩៧២ អាមេរិកធ្លាប់បានប្រើប្រាស់យុទ្ធនាការមួយដែលមានឈ្មោះថា Popeye ដើម្បីធ្វើឱ្យរដូវភ្លៀងអូសបន្លាយយូរជាងធម្មតា នៅប្រទេសឡាវ និងវៀតណាម ពិសេសគឺតំបន់ផ្លូវលំហូជីមិញ ក្នុងបំណងបង្កការលំបាកដល់ការធ្វើដំណើរ និងការដឹញជញ្ជូនរបស់កងទ័ពវៀតណាមខាងជើង។
ក្នុងកម្មវិធីនេះ អាមេរិកបានប្រើយន្ដហោះ ពង្រាយម្សៅ iodide ដើម្បីបង្កើតពពក និងធ្វើឱ្យភ្លៀងធ្លាក់ច្រើន។ Popeye បានធ្វើឱ្យរដូវភ្លៀងនៅផ្លូវលំហូជីមិញ អូសបន្លាយបន្ថែមពី ៣០ ទៅ ៤៥ថ្ងៃ ហើយកម្រិតទឹកភ្លៀង កើនឡើងប្រមាណជា ៣០% ធៀបនឹងធម្មតា។
យុទ្ធនាការឡោមព័ទ្ធ Khe Sanh ឆ្នាំ១៩៦៨ ទ័ពអាកាសអាមេរិក បានប្រើប្រាស់អាវុធអាកាសធាតុមួយបែបទៀត ដើម្បីជួយឱ្យសកម្មភាពផ្លូវអាកាសរបស់ខ្លួន ដំណើរបានល្អ នោះគឺធ្វើឱ្យរលាយសន្សើម ដោយម្សៅអំបិល។
ការស្រាវជ្រាវ និងប្រើប្រាស់អាវុធអាកាសធាតុ អាចរួមចំណែកក្នុងការទប់ទល់នឹងស្ថានភាពផ្លាស់ប្ដូរអាកាសធាតុ ដោយសារតែផែនដីឡើងកំដៅ។ ប៉ុន្ដែ វាក៏ជាអាវុធសាហាវមួយ បង្កគ្រោះថ្នាក់ដល់មនុស្សជាតិ៕