រយៈពេល៩ខែដើមឆ្នាំ២០១៣នេះ ទំនិញនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជាមានតម្លៃប្រហែល២២៩៤លានដុល្លារ ហើយទំនិញរបស់ប្រទេសកម្ពុជានាំចូលទៅកាន់ប្រទេសវៀតណាមវិញមានតម្លៃប្រមាណ៤០៣លានដុល្លារ។
នេះបើតាមការបញ្ជាក់របស់លោកកឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៅក្នុងពិធិបើកពិព័រណ៌ពាណិជ្ជកម្មកម្ពុជា-វៀតណាមនៅមជ្ឍមណ្ឌលកោះពេជ្រក្នុងថ្ងៃទី១៤ ខែវិច្ឆិកា។
សម្រាប់ពិព័រណ៌ពាណិជ្ជកម្មកម្ពុជាវៀតណាមវិញ គឺមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៨ ខែវិច្ឆិកា ហើយនៅក្នុងពិព័រណ៌នេះគឺ មានស្តង់មុខទំនិញចំនួន ២៥០ស្តង់ ដែលមានដាក់តាំងនៅផលិតផលជាច្រើនប្រភេទដូចជា គ្រឿងឧបភោគបរិភោគ គ្រឿងអេឡិចត្រូនិច គ្រឿងសម្អាងនិងសម្ភារៈសិក្សាជាដើម។
ជាមួយគ្នានេះពិព័រណ៌ពាណិជ្ជកម្មឆ្នាំ២០១៣ មិនត្រឹមតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនចំណងមិត្តភាព និង សាមគ្គីភាពកម្ពុជា-វៀតណាមឲ្យកាន់តែស៊ីជម្រៅ និងយូរអង្វែងថែមទៀត។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៣នេះ ការវិនិយោគនៃប្រទេសទាំងពីរអាចនឹងមានទឹកប្រាក់សរុបប្រមាណជាង៣៥០០លានដុល្លារបើប្រៀបធៀបនៅនឹងឆ្នាំ២០១២មានទឹកប្រាក់វិនិយោគចំនួន៣៣០០លានដុល្លារតែប៉ុណ្ណោះ។