សៀមរាប : សមត្ថកិច្ច កងរាជអាវុធហត្ថខេត្ត សៀមរាប បានចាប់ឃាត់ខ្លួន ជនសង្ស័យបានចំនួនសរុប ៥ នាក់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ នៅក្រុងសៀមរាប ដែលជាប់ពាក់ព័ន្ធនឹងការចែកចាយ និង ប្រើប្រាស់គ្រឿងញៀន ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន វត្ថុតាង ដូចជា ម្ស៉ៅគ្រើមពណ៌សថ្លា ម៉ាទឹកក ១០កញ្ចប់ធំ ស្មើនឹង ៦,២៤ក្រាម ដាវចំនួន ២ដើម ទូរស័ព្ទ ៥គ្រឿង ម៉ូតូ ៣គ្រឿង និងឧបករណ៍សម្រាប់ ជក់មួយចំនួនទៀត ។
យោងតាម បទបញ្ជារបស់លោក ម៉ន សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត សៀមរាប កាលពីវេលា ម៉ោង ១១ និង០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៣ កម្លាំងការិយាល័យស្រាវជ្រាវ ប្រឆាំងគ្រឿងញៀន នៃមន្ទីស្រាវជ្រាវ និងយុត្តិធម៌ សរុបចំនួន ៥នាក់ ម៉ូតូ២គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការង និងជាប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ បានដឹកនាំសម្របសម្រួល នីតិវិធីដោយ លោកទី សុវិនថាល់ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តសៀមរាប បានចុះបង្រ្កាបករណី ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន១ករណី នៅចំណុចភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ។
នៅក្នុងការឃាត់ខ្លួន ជនសង្ស័យនាពេលនោះ គឺឃាត់បានចំនួនសរុប ៥នាក់ ដែលទី១-មានឈ្មោះ ផត់ សុផាត ភេទប្រុស អាយុ ១៩ឆ្នាំ សញ្ញាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិវាល សង្កាត់ គោក ចក ក្រុងសៀមរាប ។ ទី២-មានឈ្មោះ សាន្ត ទី ភេទប្រុស អាយុ ១៩ឆ្នាំ សញ្ញាតិខ្មែរ មុខរបរ មិនពិត ប្រាកដ បច្ចុប្បន្នរស់នៅភូមិអំពិល សង្កាត់សំបូរ ក្រុងសៀមរាប។ ទី៣-មានឈ្មោះ ស្រេង ង៉ា ភេទប្រុស អាយុ២៨ឆ្នាំ សញ្ញាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង សៀមរាប ។ ទី៤-មានឈ្មោះ សែម ចាន់ថន ភេទប្រុស អាយុ ២១ឆ្នាំ សញ្ញាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិឃ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។ ទី៥-មានឈ្មោះ នង សិទ្ធិគុណ ភេទប្រុស អាយុ២៥ឆ្នាំ សញ្ញាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀម រាប ។
ក្នុងប្រតិបត្តិការឃាត់ខ្លួនជនយុវជនទាំង ៥នាក់នោះ សមត្ថកិច្ចដកហូតបានជាវត្ថុតាង ដូចជា ម្ស៉ៅគ្រើម ពណ៌សថ្លា ម៉ាទឹកក ១០កញ្ចប់ធំ ស្មើនឹង ៦,២៤ក្រាម ដាវចំនួន ២ដើម ទូរសព្ទ័៥គ្រឿង ម៉ូតូ៣គ្រឿង និង ឧបករណ៍សម្រាប់ជក់មួយចំនួនទៀត ។ ហើយការិយាល័យជំនាញបានកសាងសំណុំរឿង និងជនសង្ស័យ បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៣ ។