កណ្ដាល ៖ មន្ដ្រីជាន់ខ្ពស់ ក្រសួង ការងារ បានឱ្យដឹងថា កម្មករកម្មការិនី រោងចក្រ ឃីងហ្វឺស ដែលមាន ទីតាំងស្ថិតនៅឃុំដំណាក់ អម្ពិល ស្រុកអង្គស្នួល ខេត្ដកណ្ដាល ដួលសន្លប់កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ បណ្ដាលមកពីកត្ដា៣យ៉ាង ដែលប៉ះពាល់ដល់ពួកគេ កំពុងបម្រើការងារ។
អគ្គនាយកការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកសេង សក្កដា បានឱ្យដឹងថា កត្ដា ទាំង៣យ៉ាង នាំឱ្យកម្មករកម្មការិនីរបស់រោងចក្រឃីងហ្វឺស បានដួលសន្លប់ជាបន្ដបន្ទាប់នោះ រួមមានទី១ ដោយសារតែ នៅក្នុងរោងចក្រ ការផ្ទុកអីវ៉ាន់ច្រើនពេក ពុំមានខ្យល់ចេញចូលបានល្អ , ទី២ បំពង់បញ្ចេញ ខ្យល់ខ្វះអនាម័យ និងទី៣ មកពីការធ្វើការលើសម៉ោង ខ្លះមួយម៉ោង ខ្លះពីរម៉ោង និងរហូតដល់៤ម៉ោង ដែល ធ្វើឱ្យពួកគេអស់កម្លាំង ហើយមិនអាចទ្រាំបាន រហូតដល់ដួលសន្លប់តែម្ដងទៅ។
យ៉ាងណាក៏ដោយ បើយោងតាមមន្ដ្រីក្រសួងការងារ ដដែលនេះ ជនរងគ្រោះទាំងអស់ ត្រូវបានអាជ្ញាធរនិង សមត្ថកិច្ច ជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយកើតហេតុ ដោយមិនបណ្ដាល ឱ្យនរណាម្នាក់ រងគ្រោះ ដល់អាយុជីវិតនោះទេ ។
ជាមួយគ្នានេះ ក្រុមការងារស៊ើបអង្កេត របស់ក្រសួងការងារ បាននឹងកំពុងធ្វើការស្រាវជ្រាវ ចំពោះករណី នេះ បន្ដទៀត ៕