ភ្នំពេញ៖ រដ្ឋាភិបាលចិន នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា នេះ បានចាប់ផ្តើមប្រារព្ធពិធីជាផ្លូវការប្រគល់ឧទ្ធម្ភាគចក្រ ចំនួន ១២គ្រឿង ដែលផលិតនៅប្រទេសចិន ជូនដល់កងទ័ពអាកាស នៃកងយោធពលខេមរភូមិន្ទ។ រដ្ឋមន្រ្តីការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានចាត់ទុកយន្តហោះទាំង១២គ្រឿងនេះ ជាសមិទ្ធផល ប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងចំណងមិត្តភាព ដ៏ស្អិតរមួតរវាងកម្ពុជា-ចិន។
ពិធីប្រគល់នេះ បានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់ និងឯកអគ្គរដ្ឋទូតចិន ប្រចាំ នៅកម្ពុជា លោកស្រី បូ ជៀងហ្គូ នៅមូលដ្ឋានកងទ័ពអាកាសពោធិ៍ចិនតុង។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់អតីតអនុប្រធានាធិបតី បច្ចុប្បន្នជាប្រធានាធិបតី នៃប្រទេសចិន លោក ហ្ស៊ី ជីនពីង នៅឆ្នាំ២០០៩ បានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ចីប្រាក់ទិញឧទ្ធម្ភាគចក្រ សម្រាប់បម្រើវិស័យការពារ រាប់ទាំងសង្រ្គោះផ្នែកមនុស្សធម៌។
លោក ទៀ បាញ់ បានមានប្រសាសន៍ថា ការផ្ទេរប្រគល់ឧទ្ធម្ភាគចក្រចំនួន ១២គ្រឿងនេះ គឺជាសមិទ្ធផលប្រវត្តិ សាស្រ្តថ្មីមួយបន្ថែមទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលរដ្ឋាភិបាលចិន បានជួយគាំទ្រដល់រាជរដ្ឋាភិបាល កម្ពុជា ក្នុងគោលបំណងធ្វើការហ្វឹកហ្វឺន សម្រាប់ការពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ដើម្បីទទួលរ៉ាប់ រងការងារថែរក្សាការពារបូរណភាពទឹកដី ជួយសង្រ្គោះមហន្តរាយ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋ កិច្ចជាតិ ទាំងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។
លោកបន្តថា ចំណងមិត្តភាព សាមគ្គីភាព និងភាតរភាពរវាងប្រជាជនកម្ពុជា-ចិន កាន់តែមានភាពស្អិតរមួត ហើយ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក៏កាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត ដែលនាំមកនូវផលប្រយោជន៍ ទៅវិញទៅមក សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម នៃប្រទេសទាំងពីរ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលគាំទ្រគោលនយោបាយចិនតែមួយ និងជាដៃគូយុទ្ធសាស្រ្តដ៏ស៊ីជម្រៅ។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានបន្តថា សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីជំហរឥតងាករេរបស់រាជ រដ្ឋាភិបាលកម្ពុជា នូវនយោបាយការបរទេស អព្យាក្រិត្យ សន្តិសហវិជ្ជមាន មិនចូលបក្សសម្ព័ន្ធ កសាងទំនាក់ទំនង មិត្តភព និងសហប្រតិបត្តិការជាមួយគ្រប់ប្រទេស ដោយឈរលើគោលការណ៍ សមភាព គោរពឯករាជ្យ អធិប តេ យ្យ បូរណភាពទឹកដីគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា។
ជាមួយនិងពិធីប្រគល់នេះ យន្តហោះ ក៏ត្រូវបានគេធ្វើការហោះសាកល្បង និងត្រួតពិនិត្យគុណភាពបច្ចេកទេសផងដែរ នាព្រឹកថ្ងៃចន្ទ នេះ៕