ខេត្តកំពង់ឆ្នាំងៈ អាវុធប្រភេទ B40 , B40.5 (ហៅបេទំនើប) , B41 , M79, RPD, CKC, AK47 និង ការ៉ាប៊ីន ប្រមាណ២០០ដើម ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ រួចរាយការណ៍ មកសមត្ថកិច្ច នគរបាល ដើម្បីយក មករក្សាទុក បញ្ជៀស នូវពេលជនឆ្លៀត ឱកាសនិយមយកទៅកែច្នៃ ប្រើប្រាស់ខុសច្បាប់ ។
កម្លាំងនគរបាល អធិការដ្ឋាន ស្រុកទឹកផុស និងការិយាល័យ គ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង ប្រមាណជាង១០នាក់ ដឹកនាំដោយ លោកវរៈសេនីយ៍ត្រី ខែម វិបុល អធិការនគរបាល ស្រុកទឹកផុស និង វរៈសេនីយ៍ត្រី កែវ ឈុន នាយការិយា ល័យអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំង បានធ្វើដំណើរចេញតាំងពីព្រលឹមស្រាងៗ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយធ្វើដំណើរពាក់កណ្ដាល ដោយមធ្យោបាយម៉ូតូ និងពាក់កណ្តាលទៀត ដោយថ្មើរជើង កាត់ព្រៃឆ្លងជ្រោះ ឡើងទៅលើកំពូលភ្នំដោះក្រមុំ ស្ថិតនៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កម្លាំងនគរបាល បានធ្វើ ដំណើរអស់ រយៈពេល២ថ្ងៃ ១យប់ ទើបដល់ទីតាំងកំណប់ កាំភ្លើងខាងលើ ។
សូមរម្លឹកថា កម្លាំងនគរបាលធ្វើដំណើរ ទៅកាន់ទីតាំងកំណប់អាវុធខាងលើ ដោយមានកម្លាំងនាំផ្លូវ អតីតកងទ័ពខ្មែរក្រហម ដែលឈរជើងនៅតំបន់នោះផងដែរ ។ បើតាមការអះអាងអតីតកង ទ័ពខ្មែរក្រហម ដែលនាំដំណើរកម្លាំងសមត្ថកិច្ចរូបនេះ បានឲ្យដឹងថា អាវុធខាងលើគឺ កប់ទុកនៅចំណុច ទីតាំងអតីត កងពល១៨ ត្រង់វរៈរបស់តាយឹម ហើយអាវុធខាងលើនេះ បើយើងយកទៅត្រាំប្រេង មួយសប្តាហ៍ នឹងយកមកប្រើប្រាស់បានជាធម្មតាវិញ ៕